រាជធានីភ្នំពេញ ៖ មានការភ្ញាក់យ៉ាងខ្លាំងមួយ កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី២៣ មីនា ឆ្នាំ២០១៨នេះ នៅចំណុចក្នុងផ្ទះជួលមួយកន្លែង (ទល់មុខមន្ទីរពេទ្យរុស្សី) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពីបុរសម្នាក់បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត ក៏ប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួន ។
លុះពេលសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាប់តែបុរសនោះព្យាយាមរត់គេចខ្លួន ហើយបានយកកាំបិតចាក់លើសមត្ថកិច្ចបណ្តាលឱ្យរងរបួសម្នាក់ផងដែរ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ជនសង្ស័យខាងលើ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយកើតហេតុ ត្រូវកម្លាំងចាប់ខ្លួននាំយកទៅសាកសួរបាត់ ក្នុងនោះបានដកហូតវត្ថុតាងកាំបិត១ផងដែរ ។ ដោយឡែក សមត្ថកិច្ចដែលរងរបួស ក៏មិនត្រូវស្គាល់ឈ្មោះដែរ បានរងរបួសត្រូវចំដៃហូរឈាមកក្លាក់ ។
នៅមុនពេលកើតហេតុ ក្រោយសមត្ថកិច្ចទទួលដំណឹងថា មានករណីហិង្សាដោយបុរសបែកថ្នាំវាយទៅលើប្រពន្ធនោះ ក៏បានចុះទៅកន្លែងហេតុ ។ ពេលនោះ ជនសង្ស័យគ្រាន់តែឃើញកម្លាំងទៅដល់ភ្លាម ក៏បាន រត់ចុះទៅក្នុងច្រកតូចមួយ ដោយចាក់សោជាប់ទៀត ដែលធ្វើឱ្យកម្លាំងពិបាកនឹងចាប់ខ្លួននោះ ។ ក្រោយមក កម្លាំងក្របួចជាប់ក៏ត្រូវជនតដៃជាមួយសមត្ថកិច្ចតែម្តង ។
បើតាមប្រភពពីអ្នករស់ក្បែរខាងឱ្យដឹងថា ជនសង្ស័យបានមកជួលផ្ទះខាងលើស្នាក់ទើបបាន២ខែប៉ុណ្ណោះ ។ លុះនៅកើតហេតុនេះ ដោយសារតែ ឥទ្ធិពលថ្នាំញៀន ទើបធ្វើឱ្យជនសង្ស័យបែកថ្នាំខ្លាំង រហូតលែងដឹងអី ដោយបោករបស់របរនៅក្នុងផ្ទះខ្ទេច និងវាយប្រពន្ធផងដែរ៕ AhBoyz៚