Pages - Menu

ស្ត្រីជនជាតិចិន២នាក់ត្រូវចាប់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់ ករណីឆបោកគ្រឿងអលង្ការ និងលុយ

រាជធានីភ្នំពេញ ៖ ថ្ងៃទី២៣-០៦-២០១៧ ម៉ោង១០និង ៣០នាទី នៅមុខផ្ទះលេខ១៥ ផ្លូវ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានករណី ឆបោកគ្រឿងអលង្ការ និងលុយមួយករណីកើតឡើងដោយជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ លី គៀវ ភេទស្រី អាយុ ៥៥ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះ១៧៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ យ៉ាង យីនហៅ ង៉ាន់ ង៉ា ភេទ ស្រី អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E៦៣០៣៥៣៧៥ ។ ២-ឈ្មោះម៉ូ វ័ងហ្វង់ ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដកាន់លិខិតឆ្លងដែនលេខ E៥៥៤៥៩៦០៦។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ០៣នាក់ ឈ្មោះ យ៉ាង យីន, ឈ្មោះ ម៉ូ វ័ងហ្វង់ និងឈ្មោះ មួយ បាន ដើររកឆបោកគេ ពេលមកដល់ចំណុចខាងលើ ក៏បានជួបជនរងគ្រោះ ពេលនោះពួកជនសង្ស័យបានប្រើល្បិចទស្សន៍ទាយជនរងគ្រោះថា មានគ្រោះនៅពេលខាងមុខ រួចប្រាប់ជនរងគ្រោះយកលុយមួយចំនួននិងគ្រឿងអលង្ការយកមកប្រសិទ្ធី ជនរងគ្រោះ ក៏យកលុយដុល្លារ ១៥៩ដុល្លារ-លុយខ្មែរ ៥ម៉ឺនរៀលនិងគ្រឿងអលង្ការកាឡៃទាំងអស់រួមមាន ៖ ខ្សែក១ខ្សែ មានបន្តោង១ដាំត្បូង ពណ៌ស, ចិញ្ជៀន៤វង់ មានដាំត្បូងពណ៌ស, ខ្សែដៃ២ខ្សៃមានដាំត្បូងពណ៌ស ឲ្យទៅពួកជនសង្ស័យប្រសិទ្ធី រួចក៏ឲ្យជនរងគ្រោះដើរទៅមុខកុំងាកក្រោយឲ្យនិយាយថា សុខ សប្បាយៗ រួចពួកជនសង្ស័យទាំង ០៣នាក់ នាំគ្នាយកគ្រឿងអលង្ការកាឡៃ និងលុយរត់គេចខ្លួន។ ពេល ជនរងគ្រោះឃើញក៏ស្រែកចោរៗ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ឈ្មោះយ៉ាង យីន និងឈ្មោះម៉ូ វ័ងហ្វង់ ដកហូតគ្រឿងអលង្ការកាឡៃ និងលុយមកវិញ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការសាកសួរ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ មួយ បានរត់គេចខ្លួនបាត់៕ ប្រភពពី នាយកដ្ឋានផ្សព្វផ្សាយ អប់រំ