Pages - Menu

ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម ២៨ នាក់ រស់​នៅ​ដោយ​ខុស​ច្បាប់ ម្តុំមាត់ទន្លេ សង្កាត់​ចាក់​អង្រែ​ក្រោម

រាជធានីភ្នំពេញ : ជនជាតិ​វៀតណាម​ប្រុស​ស្រី​២៨​នាក់ ត្រូវ​កម្លាំង​នគរបាល​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ​នគរបាល​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់​ខ្លួន នៅ​ចំណុច​ភូមិទួលរកា ម្តុំមាត់ទន្លេ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើ​ការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់ ។
 
 ប្រតិបត្តិ​ការ​ចុះត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តម​សេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ និង ព្រះ​រាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកសៀង សុខ ។




 ក្នុង​ប្រតិបត្តិ​ការ​ខាង​លើ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​លើ​ជន​ជាតិ​វៀត​ណាម ២៨​នាក់ ហើយ​រក​ឃើញ​ថា​ ពួក​គេ​ពុំ​មាន​លិខិត​ឆ្លង​ដែន និង​ច្បាប់​អនុញ្ញាតិ​ការងារ​ត្រឹម​ត្រូវ​ឡើយ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ បញ្ចូន​ទៅ​កាន់​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​បន្ត​នីតិ​វិធី ។
លោក​ឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ជន​បរទេស​ណា ដែល​ចូល​មក​រស់​នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជា​មួយ​លិខិត​ឆ្លង​ដែន ឬ​ឯក​សារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែប​បទ​ស្នើរ​ទៅ​ក្រសួង​មហា​ផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ ៕ ប្រភពពី : ដំណឹងយប់មិញ