រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញវៃយុវជនប្រុសស្រី២នាក់នៅតាមផ្លូវ បណ្ដាលឲ្យស្រីស្លាប់ ប្រុសរបួសធ្ងន់ ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្តកិច្ចបានឲ្យថា នារីដែលស្លាប់នោះឈ្មោះ ជា ស្រីនិច អាយុ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតក្នុងខេត្តព្រៃវែង ។ ចំណែកយុវជនដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា យុវជនប្រុសស្រីរងគ្រោះពីរនាក់ខាងលើបានជិះម៉ូតូម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE.7479 បានឌុបគ្នាមកពីដើរលេងបំណងទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ដោយមិនដឹងមានទំនាស់អ្វីជាមួយក្រុមក្មេងស្ទាវទាំងនោះទេ បានជាក្រុមមានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោជិះលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យនារីរងគ្រោះបោកក្បាលនិងបង្គោលភ្លើងស្លាប់ ចំណែកយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះឲ្យមកកន្លែងកើតហេតុនិងចាត់ចែងឲ្យដឹកសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ៕