រាជធានីភ្នំពេញ : ជនជាតិវៀតណាម និងចិន ប្រុសស្រី ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចទីតាំងផ្ទះស្នាក់នៅរបស់កម្មករមួយកន្លែង តាមបណ្តោយផ្លូវលេខ៣៦៨ ក្នុងភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ។
ប្រតិបត្តិការចុះឃាត់ខ្លួននេះធ្វើឡើង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ក្នុងការចុះត្រួតពិនិត្យ សមត្ថកិច្ចបានត្រួតពិនិត្យលើជនបរទេស២សញ្ជាតិ មានចិន និងវៀតណាម ដែលមានមនុស្សសរុបចំនួន ១០៨នាក់ ស្រី១០នាក់ ក្នុងនោះ វៀតណាមមាន១៨នាក់ ស្រី៥នាក់ និងសេសសល់ជាជនជាតិចិន ។ ជាលទ្ធិផល ក្រោយការត្រួតពិនិត្យរួចមក សមត្ថកិច្ចរកឃើញមាន ៧១នាក់ គ្មានលិខិតឯកសារពាក់ព័ន្ធដូចជាលិខិតឆ្លងដែន ក៏ដូចជាច្បាប់អនុញ្ញាត្តិការងារត្រឹមត្រូវ ។ ក្នុងការចំណោម៧១នាក់នោះ មានវៀតណាម១៨នាក់ និងចិនចំនួន ៥៣នាក់ ។
ក្រោយការពិនិត្យឃើញថា គ្មានឯកសារពាក់ព័ន្ធរួចមក ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ រងចាំបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕
អត្ថបទ & រូបភាព : លីហេង
អត្ថបទ & រូបភាព : លីហេង